Cambodian Council of Nurses (CCN)
Відкрити в Telegram
Channel Telegram ផ្លូវការរបស់គណៈគិលានុបដ្ឋាកកម្ពុជា🧑⚕️👩⚕️ ប្រព័ន្ធវាយតម្លៃភាពពេញចិត្តនៃការផ្ដល់សេវារបស់ គណៈគិលានុបដ្ឋាកកម្ពុជា៖ https://forms.gle/9xaHr5Vcv5wMkqL36
Показати більше3 586
Підписники
+1024 години
+207 днів
+5130 днів
Архів дописів
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា អញ្ជើញចូលរួមពិធីបើកសន្និសីទវិទ្យាសាស្ត្រអន្តរជាតិ និងអបអរសាទរខួប ១០ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ភ្នំពេញ។
CCN3rd===
រាជធានីភ្នំពេញ៖ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក «សន្និសីទវិទ្យាសាស្ត្រអន្តរជាតិ និងខួប ១០ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ភ្នំពេញ» ក្រោមអធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម អ៊ិស៊ិហ្សូគី ហ៊ីដេអូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខា ភ្នំពេញ។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកប្រធានគណៈគិលានុបដ្ឋាកកម្ពុជា ក៏បានឡើងថ្លែងមតិសំណេះសំណាល ដោយផ្តោតលើសារៈសំខាន់នៃតួនាទីគិលានុបដ្ឋាកក្នុងការផ្តល់ការថែទាំអ្នកជំងឺមហារីកប្រកបដោយគុណភាព សុវត្ថិភាព និងមនុស្សធម៌ ព្រមទាំងការចូលរួមរបស់គិលានុបដ្ឋាកនៅគ្រប់ដំណាក់កាលនៃការថែទាំ ចាប់ពីការបង្ការ ការអប់រំសុខភាព ការរកឃើញជំងឺ ការព្យាបាល ការស្តារនីតិសម្បទា រហូតដល់ការថែទាំសម្រន់ (Palliative Care)។
សន្និសីទនេះប្រព្រឹត្តទៅក្រោមមូលបទ៖ «ការរៀបចំប្រព័ន្ធថែទាំសុខភាពរួមបញ្ចូលគ្នា សម្រាប់អ្នកជំងឺមហារីកតាមគ្រប់ដំណាក់កាលនៃជីវិត៖ ការថែទាំដែលផ្តោតលើអ្នកជំងឺ ចាប់ពីការបង្ការជំងឺ រហូតដល់ការថែទាំសម្រន់» ដែលស្របតាមទិសដៅយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងពង្រឹងគុណភាពសេវាថែទាំសុខភាព។
ក្នុងនាមជាស្ថាប័នវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា គណៈគិលានុបដ្ឋាកកម្ពុជាបន្តយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ការអភិវឌ្ឍចំណេះដឹង និងជំនាញឯកទេស ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការជំរុញឱ្យគិលានុបដ្ឋាកអនុវត្តការថែទាំដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងផ្តោតលើតម្រូវការរបស់អ្នកជំងឺជាចម្បង។
ជាពិសេស ការថែទាំអ្នកជំងឺមហារីកទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមវិជ្ជាជីវៈសុខាភិបាល ការបញ្ជូនអ្នកជំងឺឱ្យបានទាន់ពេលវេលា ការគ្រប់គ្រងការឈឺចាប់ ការគាំទ្រផ្លូវចិត្ត និងសង្គម ព្រមទាំងការផ្តល់ព័ត៌មាន និងការណែនាំដល់ក្រុមគ្រួសារអ្នកជំងឺ ដើម្បីធានាថាអ្នកជំងឺទទួលបានការថែទាំប្រកបដោយសេចក្តីថ្លៃថ្នូរ ក្តីមេត្តា និងការគោរពសិទ្ធិ។
ការចូលរួមក្នុងសន្និសីទនេះក៏ជាឱកាសដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងគិលានុបដ្ឋាក រវាងអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកអភិវឌ្ឍប្រព័ន្ធថែទាំសុខភាពកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព សមធម៌ និងចីរភាព។
សន្និសីទនេះមានការចូលរួមពីវេជ្ជបណ្ឌិត គិលានុបដ្ឋាក សិស្ស និស្សិត និងភ្ញៀវជាតិ-អន្តរជាតិប្រមាណ ៥០០នាក់។
គណៈគិលានុបដ្ឋាកកម្ពុជា ប្តេជ្ញាបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពនៃការថែទាំ ដើម្បីសុខភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺគ្រប់រូប។
#CCN
ការបើកអង្គប្រជុំសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពង្រឹងការដឹកនាំ និងប្រសិទ្ធភាពការងាររបស់សាខារាជធានី-ខេត្ត ដើម្បីអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាក និងលើកកម្ពស់គុណភាពនិងសុវត្ថិភាពនៃការថែទាំអ្នកជំងឺនៃគណៈគិលានុបដ្ឋាកកម្ពុជា។
CCN3rd===
រាជធានីភ្នំពេញៈ នាថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ តាមប្រព័ន្ធនិម្មិត Zoom Online ដោយផ្តោតលើការតាមដាន និងវាយតម្លៃវឌ្ឍនភាពការងាររបស់សាខារាជធានី-ខេត្ត ការពិនិត្យសមិទ្ធផល ការកំណត់បញ្ហាប្រឈម និងការរៀបចំទិសដៅការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាពនឹងជាអង្គប្រជុំសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦។
ក្នុងឱកាសនេះ លោកប្រធានបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងភាពជាម្ចាស់ការ ការទទួលខុសត្រូវ និងការសហការរវាងក្រុមប្រឹក្សាជាតិ និងសាខារាជធានី-ខេត្ត ដោយជំរុញឱ្យការតាមដាន និងវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង ភស្តុតាង និងការកែលម្អជាបន្តបន្ទាប់ មិនមែនគ្រាន់តែជាការរាយការណ៍សកម្មភាពនោះទេ។
ជាមួយគ្នានេះ លោកប្រធានបានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៥ ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងាររបស់សាខា៖
១. ពិនិត្យ និងវាយតម្លៃសមិទ្ធផលការងារដោយផ្អែកលើលទ្ធផលជាក់ស្តែងដោយជំរុញឱ្យសាខានីមួយៗពិនិត្យសកម្មភាពដែលបានអនុវត្ត ប្រៀបធៀបនឹងផែនការដែលបានកំណត់ បង្ហាញសមិទ្ធផល បញ្ហាដែលមិនទាន់សម្រេច និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីជាការរៀនសូត្ររួមគ្នា។
២. ពង្រឹងភាពជាម្ចាស់ការ និងការទទួលខុសត្រូវរបស់សាខា
ជំរុញឱ្យសាខារាជធានី-ខេត្តមានផែនការការងារច្បាស់លាស់ បែងចែកភារកិច្ចសមស្រប ពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងតាមដានលទ្ធផលការងារជាប្រចាំ។
៣. កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយដោយផ្អែកលើភស្តុតាងដោយលើកទឹកចិត្តឱ្យសាខាបង្ហាញបញ្ហាពិតប្រាកដដោយស្មោះត្រង់ និងបើកចំហ ដើម្បីរួមគ្នាវិភាគមូលហេតុ កំណត់អាទិភាព និងស្វែងរកដំណោះស្រាយដែលអាចអនុវត្តបាន ស្របតាមស្ថានភាព និងធនធានជាក់ស្តែង។
៤. ជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ប្រកបដោយគុណភាព
ណែនាំឱ្យសាខារៀបចំកម្មវិធី CPD ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់គិលានុបដ្ឋាក ដោយយកចិត្តទុកដាក់លើគុណភាពវគ្គបណ្តុះបណ្តាល ការទទួលស្គាល់ពិន្ទុ CPD និងការអនុវត្តចំណេះដឹងនិងជំនាញក្នុងការងារជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ។
៥. កំណត់ទិសដៅ និងផែនការសកម្មភាពបន្តឱ្យច្បាស់លាស់ និងអាចវាស់វែងបានធានាថារាល់សេចក្តីសម្រេចមានសកម្មភាពជាក់លាក់ អ្នកទទួលខុសត្រូវ កាលកំណត់អនុវត្ត សូចនាករវាស់វែង និងយន្តការតាមដានលទ្ធផល ដើម្បីឱ្យការពិភាក្សាក្នុងអង្គប្រជុំប្រែក្លាយទៅជាការអនុវត្តជាក់ស្តែង។
កិច្ចប្រជុំនេះក៏បានផ្តោតលើការកំណត់បញ្ហាអាទិភាព ការរៀបចំផែនការ CPD ការពង្រឹងការសហការរវាងក្រុមប្រឹក្សាជាតិ និងសាខា ព្រមទាំងការបង្កើតយន្តការតាមដានវឌ្ឍនភាព ដើម្បីធានាថាការអនុវត្តផែនការមានភាពស៊ីសង្វាក់គ្នា និងឆ្ពោះទៅរកគោលដៅរួមរបស់គណៈគិលានុបដ្ឋាកកម្ពុជា។
លោកប្រធានបានសង្កត់ធ្ងន់លើសារស្នូលថា៖
«ពិនិត្យលទ្ធផល ដើម្បីកែលម្អការងារ មិនមែនដើម្បីស្វែងរកកំហុស។ កំណត់បញ្ហា ដើម្បីរកដំណោះស្រាយ មិនមែនដើម្បីបន្ទោសគ្នា។ ហើយកំណត់ផែនការ ដើម្បីអនុវត្តឱ្យបានជាក់ស្តែង មិនមែនគ្រាន់តែជាការសម្រេចនៅក្នុងអង្គប្រជុំ»។
គណៈគិលានុបដ្ឋាកកម្ពុជា បន្តប្តេជ្ញាចិត្តពង្រឹងការដឹកនាំ ការត្រួតពិនិត្យ ការតម្រង់ទិស និងការគាំទ្រដល់សាខារាជធានី-ខេត្ត ដើម្បីពង្រឹងការគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាក និងរួមចំណែកលើកកម្ពស់គុណភាពសេវាថែទាំសុខភាព សុវត្ថិភាពអ្នកជំងឺ និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ នៅចុងបញ្ចប់នៃអង្គប្រជុំ លោក ខូវ ប្រុស អគ្គលេខាធិការ បានចែករំលែកពីការសង្ខេបរបាយការណ៍ចូលរួមក្នុងកិច្ចប្រជុំលើកទី៤៣ ASEAN Joint Coordinating Committee on Nursing (43rd AJCCN) ដែលរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ានដើម្បីជូនសមាជិកទាំងអស់គ្នាបានជ្រាបផងដែរ។
សាខារឹងមាំ គឺជាមូលដ្ឋាននៃគណៈគិលានុបដ្ឋាកកម្ពុជារឹងមាំ!
#គណៈគិលានុបដ្ឋាកកម្ពុជា
#CCN3rd
#NursingLeadership
#ContinuingProfessionalDevelopment
#PatientSafety
#QualityOfNursingCare
+9
🏥 កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមអាស៊ានស្តីពីវិជ្ជាជីវៈគិលានុបដ្ឋាក លើកទី៤៣ 🏥
លោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា និងលោក ខូវ ប្រុស អគ្គលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៤៣ ASEAN Joint Coordinating Committee on Nursing (43rd AJCCN) ដែលរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ាន។
📅 ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦
📍 លេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី
👥 តំណាងពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង៩ (ចូលរួមផ្ទាល់) និងប្រទេសវៀតណាម (ចូលរួមតាមអនឡាញ) ដោយមានការអវត្តមានពីប្រទេសទីម័រខាងកើត ហើយកិច្ចប្រជុំនេះដឹកនាំដោយតំណាងមកពីប្រទេសឡាវ។
🎯 សមិទ្ធផលនិងការពិភាក្សាសំខាន់ៗ៖
✅ ពិភាក្សាលើផែនការការងារ AJCCN ឆ្នាំ២០២៦-២០៣០ និងការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) លើសេវាគិលានុបដ្ឋាក។
✅ ឯកភាពប្តូរឈ្មោះពីគម្រោង Centre of Excellence (CoE) ទៅជាបណ្តាញឧត្តមភាពគិលានុបដ្ឋាកអាស៊ាន (ASEAN Nursing Excellence Network)។
✅ ពិនិត្យការវិភាគបឋមលើកម្មវិធីសិក្សាបរិញ្ញាបត្រគិលានុបដ្ឋាក និងសមត្ថភាពស្នូលថ្នាក់ជាតិនៅទូទាំងប្រទេសសមាជិកអាស៊ាន។
✅ ពិភាក្សាអំពីយុទ្ធសាស្ត្ររក្សាគិលានុបដ្ឋាកនៅក្នុងអាស៊ាន ដើម្បីដោះស្រាយបញ្ហាកង្វះខាតអ្នកជំនាញ។
✅ ចែករំលែកបទពិសោធន៍ស្តីពីយន្តការត្រួតពិនិត្យគុណភាព ការគាំទ្រសុខភាពផ្លូវចិត្ត និងការលើកកម្ពស់បរិយាកាសការងារល្អសម្រាប់គិលានុបដ្ឋាក។
📚 សារៈសំខាន់៖ កិច្ចប្រជុំនេះបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានក្នុងការលើកកម្ពស់គុណភាពសេវាគិលានុបដ្ឋាក ការអភិវឌ្ឍសមត្ថភាព និងការរៀបចំយុទ្ធសាស្ត្ររួម ដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព ការគាំទ្រសុខភាពផ្លូវចិត្ត និងការទប់ស្កាត់ការរំលោភបំពាននានាសម្រាប់គិលានុបដ្ឋាកក្នុងតំបន់។ 🎓
ព័ត៌មានបន្ថែម៖ ប្រទេសថៃនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌លើកទី៧ សម្រាប់និស្សិតគិលានុបដ្ឋាក នៅថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ការទទួលធ្វើជាប្រធាន AJCCN សម្រាប់ឆ្នាំ២០២៧ ខាងមុខ។
💙 រួមគ្នាពង្រឹងវិជ្ជាជីវៈគិលានុបដ្ឋាកអាស៊ាន ដើម្បីអនាគតរុងរឿង!
#CCN #Nurse #AJCCN43nd #ASEAN_Nursing_Excellence_Network
អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀង
សន្តិភាពទីក្រុងប៉ារីស
(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦)
#CCN
សារលិខិតរំលែកទុក្ខជូនចំពោះ ក្រុមគ្រួសារ
សព លោក ចាក បន ដែលជាសមាជិក នៃ
គណៈគលានុបដ្ឋាកកម្ពុជា ដោយបានទទួល
មរណៈភាពកាលពីថ្ងៃទី ២០ ខែ តុលា
ឆ្នាំ២០២៦។
#CCN
គណៈគិលានុបដ្ឋាកកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យគិលានុបដ្ឋាក និងអភិវឌ្ឍធនធានមនុស្សសុខាភិបាល។ CCN3rd===
ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី៖ នាថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា និងលោក ខូវ ប្រុស អគ្គលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ HSSWG, AJCCs: Recap Information for AJCCs and HSSWG Meetings ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា ក្រោមក្របខ័ណ្ឌ CCS 114 and Related Meetings ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកឱ្យឆ្លើយតបនឹងតម្រូវការសុខាភិបាលនាពេលបច្ចុប្បន្ន និងអនាគត។ គោលបំណងសំខាន់ៗរួមមាន៖
ពិនិត្យ និងពិភាក្សាលើផែនការការងារ AJCCN ឆ្នាំ២០២៦–២០៣០ ដើម្បីកំណត់ទិសដៅអាទិភាព និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកប្រកបដោយចីរភាពនៅក្នុងតំបន់។
2) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន តាមរយៈការចែករំលែកបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាក។
3) ចូលរួមផ្តល់ធាតុចូលលើបញ្ហាចំណាកស្រុករបស់គិលានុបដ្ឋាកក្នុងវិស័យសុខាភិបាល ដើម្បីជំរុញការពិភាក្សាអំពីការគ្រប់គ្រងកម្លាំងពលកម្មសុខាភិបាល ការចល័តកម្លាំងពលកម្មក្នុងតំបន់ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។
4)លើកកម្ពស់តួនាទីរបស់គណៈគិលានុបដ្ឋាកកម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា និងស្វែងរកឱកាសសហការក្នុងការពង្រឹងការគ្រប់គ្រងវិជ្ជាជីវៈ ស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពនៃការថែទាំអ្នកជំងឺ។
ការចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់នេះ គឺជាឱកាសដ៏សំខាន់សម្រាប់គណៈគិលានុបដ្ឋាកកម្ពុជា ក្នុងការពង្រីកភាពជាដៃគូ ការផ្លាស់ប្តូរចំណេះដឹង និងការរួមចំណែកកំណត់ទិសដៅអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកនៅក្នុងតំបន់អាស៊ាន។
គណៈគិលានុបដ្ឋាកកម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការដឹកនាំ និងអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកដល់ការកសាងប្រព័ន្ធសុខាភិបាលដែលមានគុណភាព សមធម៌ និងចីរភាព ព្រមទាំងធានាថា អ្នកជំងឺទទួលបានការថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងផ្តោតលើតម្រូវការរបស់អ្នកជំងឺជាចម្បង។
គណៈគិលានុបដ្ឋាកកម្ពុជា៖ ដឹកនាំ–ត្រួតពិនិត្យ–តម្រង់ទិស–អនុវត្ត ដើម្បីគុណភាព និងសុវត្ថិភាពនៃការថែទាំ។
#CCN3rd #CambodianCouncilOfNurses #AJCCN #ASEAN #NursingLeadership #NursingWorkforce #PatientSafety
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃគម្រប់ខួប ១៤ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។
កូនចៅនៃគណៈគិលានុបដ្ឋាកកម្ពុជាទាំងអស់គ្នា សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕
#CCN
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត។
CCN3rd===
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា លោកអនុបណ្ឌិត ម៉ម ម៉ាល័យ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល៣ត្រីមាស ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្ត ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងការអនុវត្តតួនាទីភារកិច្ចរបស់គិលានុបដ្ឋាក-យិកា នៅក្នុងក្របខណ្ឌខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
1)ពិនិត្យវឌ្ឍនភាពនៃការស្នើសុំអាជ្ញាបណ្ណថ្មី និងការបន្តអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ព្រមទាំងបញ្ជីឈ្មោះអ្នកដែលមានអាជ្ញាបណ្ណផុតសុពលភាព។
2)ពិនិត្យការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដើម្បីបង្កើនសមត្ថភាព និងលើកកម្ពស់ចំណេះដឹងវិជ្ជាជីវៈរបស់គិលានុបដ្ឋាក-យិកា តាមរយៈការបណ្តុះបណ្តាលផ្ទាល់ និងប្រព័ន្ធអនឡាញ (Zoom)។
3)ពិនិត្យការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់គិលានុបដ្ឋាក-យិកា នៅតាមមូលដ្ឋានសុខាភិបាល និងពង្រឹងការអនុវត្តស្តង់ដារវិជ្ជាជីវៈ។
4)ពិភាក្សាអំពីការតាមដាន ការត្រួតពិនិត្យការបំពេញការងារ និងការផ្តល់ការណែនាំដល់គិលានុបដ្ឋាក-យិកា ដើម្បីធានាបាននូវការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានកំណត់ទិសដៅការងារបន្ត ដោយផ្តោតលើការជំរុញការចុះបញ្ជី និងការបន្តអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ការផ្សព្វផ្សាយឱកាសបណ្តុះបណ្តាលបន្ត ការពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការលើកកម្ពស់គុណភាពសេវាថែទាំអ្នកជំងឺនៅតាមមូលដ្ឋានសុខាភិបាល។
កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង ក្នុងការបន្តពង្រឹងអភិបាលកិច្ចវិជ្ជាជីវៈ តាមរយៈការដឹកនាំ ការត្រួតពិនិត្យ ការតម្រង់ទិស និងការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពគិលានុបដ្ឋាក-យិកា គុណភាពសេវាថែទាំ និងសុវត្ថិភាពអ្នកជំងឺនៅកម្ពុជា។
— ដឹកនាំ • ត្រួតពិនិត្យ • តម្រង់ទិស • អនុវត្ត
#CCN
#គណៈគិលានុបដ្ឋាកកម្ពុជា
#ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង
កម្មវត្ថុ៖ គោរពអញ្ជើញចូលរួមបំពេញកម្រងសំណួរក្នុងការអង្កេតថ្នាក់ជាតិ
សូមគោរពជម្រាបសួរ លោកគ្រូ/អ្នកគ្រូ ដែលជាអ្នកប្រកបវិជ្ជាជីវៈគិលានុបដ្ឋាកទាំងអស់ជាទីគោរពរាប់អាន!
ខ្ញុំបាទឈ្មោះ ខូវ ប្រុស ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត ផ្នែកអេពីដេមីសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
បច្ចុប្បន្ន ខ្ញុំបាទកំពុងធ្វើការសិក្សាស្រាវជ្រាវថ្នាក់ជាតិ ក្រោមប្រធានបទ៖ «កត្តាដែលទាក់ទងនឹងការបន្តអាជ្ញាបណ្ណក្នុងចំណោមអ្នកប្រកបវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា៖ ការសិក្សាថ្នាក់ជាតិ»។ ការសិក្សានេះទទួលបានការអនុញ្ញាតជាផ្លូវការពី គណៈគិលានុបដ្ឋាកកម្ពុជា (លិខិតលេខ ១៦២ ក.គ.ជ) និងគណៈកម្មាធិការជាតិក្រមសីលធម៌សម្រាប់ការស្រាវជ្រាវសុខភាពដែលទាក់ទងនឹងមនុស្ស (Approval Letter #N 704 NECHR)។
ការសិក្សានេះមានគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការក្នុងការអភិវឌ្ឍវិជ្ជាជីវៈ (CPD) ក៏ដូចជាការបន្តអាជ្ញាបណ្ណ ដើម្បីអាចចូលរួមជាធាតុចូលដ៏សំខាន់សម្រាប់រៀបចំគោលនយោបាយ និងពង្រឹងការគាំទ្រដល់វិស័យគិលានុបដ្ឋាកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ការចូលរួមរបស់អ្នក៖
ចំណាយពេលខ្លី៖ ត្រឹមតែ ៥ ទៅ ១០ នាទីប៉ុណ្ណោះ។
ការរក្សាការសម្ងាត់១០០%៖ មិនតម្រូវឱ្យបញ្ជាក់ឈ្មោះ លេខទូរស័ព្ទ ឬអត្តសញ្ញាណផ្ទាល់ខ្លួនឡើយ ហើយទិន្នន័យនឹងត្រូវប្រើប្រាស់សម្រាប់តែគោលបំណងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។
👉 សូមចុចតំណភ្ជាប់ (Link) នេះដើម្បីចូលរួមបំពេញ៖
🔗 https://forms.gle/iQu2hosgwMR8TfMZ6
មតិ និងចម្លើយដ៏ស្មោះត្រង់របស់ លោកគ្រូ/អ្នកគ្រូ ពិតជាមានតម្លៃបំផុតសម្រាប់ការស្រាវជ្រាវនេះ។
សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលា និងកិច្ចសហការដ៏មានតម្លៃ!
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ព្រមទាំងក្រុមគ្រួសារទទួលបាននូវសុខភាពល្អ ប្រាជ្ញាឈ្លាសវៃកម្លាំងពលំមាំមួន ជន្មាយុយឺនយូរ សម្រេចជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះសូមឯកឧត្ដមសាស្ត្រាចារ្យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលបាននូវសុខភាពល្អ ប្រាជ្ញាឈ្លាសវៃកម្លាំងពលំមាំមួន ជន្មាយុយឺនយូរ សម្រេចជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។
សូមអនុមោទនា បុណ្យភ្ជុំបិណ្ឌ ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦
សូមជូនពរជ័យ សព្ទសារធុការ ដល់បងប្អូន គិលានុបដ្ឋាក និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
#CCN
