ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
1 280
Obunachilar
Ma'lumot yo'q24 soatlar
-37 kun
-1730 kun
Postlar arxiv
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗមួយចំនួនលើការពង្រឹងការអនុវត្តនូវខ្លឹមសារសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ ស្មោះត្រង់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវទាំងពួង៕
សាធុ សាធុ សាធុ!🙏❤️🇰🇭👮♂️
+6
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង ៩:១៥ នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ មានករណីដងស្ទូចសំណង់មួយបានដួលរលំនៅលើផ្លូវរាមាទី២ ផ្លូវចេញចូល ទល់មុខសណ្ឋាគារប៉ារីស ក្នុងខេត្តសាមុតសាខន នៃប្រទេសថៃ🇹🇭។
- របាយការណ៍ដំបូងបង្ហាញថា យ៉ាងហោចណាស់មានរថយន្តពីរគ្រឿងត្រូវបានកិននៅក្រោមដងស្ទូច។
- ក្រុមអ្នកជួយសង្គ្រោះ និងភ្នាក់ងារពាក់ព័ន្ធថៃ បានកំពុងប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយជនរងគ្រោះ និងគ្រប់គ្រងស្ថានការណ៍ ខណៈពេលដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
- អ្នកដែលប្រើប្រាស់ផ្លូវនេះគួរតែជៀសវាងតំបន់នោះ និងតាមដានការប្រកាសរបស់អាជ្ញាធរឲ្យបានដិតដល់៕
+9
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ទីតាំងសាធារណៈ ឯកជន និងផ្ទះពលរដ្ឋជន ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងឈ្លានពានថៃ
(ឧត្តរមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមជាមួយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង ទីតាំងសាធារណៈ ទីតាំងឯកជន និងផ្ទះសម្បែងប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងយោធាឈ្លានពានថៃនាពេលកន្លងមក។
បន្ទាប់ពីបានពិនិត្យវាយតម្លៃជាក់ស្តែងរបស់ក្រុម (AOT) លោក ម៉េត មាសភក្តី បានស្នើសុំឱ្យក្រុមការងារនេះ ពាំនាំស្ថានភាពពិតនៃការវាយប្រហារ ក៏ដូចជាការរងគ្រោះ ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌៕
+3
ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរបស់កម្ពុជា ជួបប្រជុំ JBC នៅខេត្តសៀមរាប
សូមគោរពអរគុណ ដល់ក្រុមការងារ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍) ដែលបានចូលរួមថវិការសម្រាប់ទិញសម្ភារៈជូនកងកម្លាំងជួរមុខ នៅទិសច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕🙏❤️🇰🇭
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា🇰🇭
ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ !
ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។
ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និង ចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និង លុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។
សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។
ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។
ហេតុដូច្នេះ ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។
ជាចុងបញ្ចប់, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមប្រសិទ្ធពរជូនដល់បងប្អូនជនរួមជាតិជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរ និងពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ.៕
+9
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
ស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ៖
ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។
ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
ផ្អែកតាមស្មារតីខាងលើ នៅដើមសប្តាហ៍នៃខែមករានេះ ក្រុមការងារសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបួន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ដូចខាងក្រោម៖
- នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅស្ពានអូរជីក ស្ថិតនៅក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ។
- នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ដែលស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
- នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
- នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
- នៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះសង្កេតការណ៍ និងសួរសុខទុក្ខ បងប្អូនជនភៀសសឹក នៅជំរំជនភៀសសឹក វត្តកណ្តោល ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យផងដែរ។
- នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅភូមិសាស្រ្តភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ។
ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦
