ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ
前往频道在 Telegram
ចែករំលែករាល់ ព័ត៌មាន ព្រឹត្តិការណ៍ថ្មីៗ សិល្បៈ កម្សាន្ត សុខភាព និងចំណេះដឹងទូទៅ ប្រកបដោយប្រភពច្បាស់លាស់ 📝
显示更多946
订阅者
-124 小时
-57 天
-1830 天
帖子存档
មន្ទីរពេទ្យបង្អែកខេត្តតាកែវ ពង្រីកសេវាសម្រាលកូនដោយគ្មានការឈឺចាប់ និងសេវាលាងឈាម ដើម្បីកាត់បន្ថយការចំណាយ និងបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋ
ខេត្តតាកែវ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តតាកែវ បាននិងកំពុងពង្រីកសេវាសុខាភិបាលថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំ២០២៦ នេះ ដោយក្នុងនោះរួមមាន «សេវាសម្រាលកូនដោយគ្មានការឈឺចាប់» ក្នុងផ្នែកសម្ភព និង «សេវាលាងឈាម» ជូនដល់អ្នកជំងឺតម្រង់នោម។
លោកវេជ្ជបណ្ឌិត តែ វ៉ាន់ថា ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានថ្លែងឱ្យដឹងថា ដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងឆ្នាំ២០២៦ នេះ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំខេត្តតាកែវ មន្ទីរពេទ្យបង្អែកខេត្តកំពុងតែធ្វើទំនើបកម្មលើឧបករណ៍ បរិក្ខារថ្មីៗនៅមន្ទីរពិសោធន៍ ព្រមទាំងពង្រីកសេវាព្យាបាលបន្ថែមទៀត។ ក្នុងនោះ ផ្នែកសម្ភព ទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីមន្ទីរពេទ្យសម្ព័ន្ធមេត្រី ដើម្បីបើកដំណើរការសេវាសម្រាលកូនដោយគ្មានការឈឺចាប់ និងសេវាលាងឈាម ជូនដល់អ្នកជំងឺដែលកន្លងមកត្រូវធ្វើដំណើរទៅទទួលសេវានៅរាជធានីភ្នំពេញ ឬទៅក្រៅប្រទេស។
លោកវេជ្ជបណ្ឌិត តែ វ៉ាន់ថា បានបន្តទៀតថា ក្រៅពីការបំពាក់ឧបករណ៍ទំនើបៗ និងការពង្រីកសេវាថ្មីៗ បច្ចុប្បន្នមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានក្លាយជាទីបង្អែកដ៏កក់ក្តៅ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងលើជំនាញឯកទេសព្យាបាលជំងឺឆ្អឹង និងបាក់បែក។ ទំនុកចិត្តដ៏រឹងមាំលើគុណភាព និងសុវត្ថិភាពនៃការព្យាបាលតាមបែបវេជ្ជសាស្ត្រទំនើបនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាបាក់បែកឆ្អឹង ដែលកន្លងមកធ្លាប់ទៅព្យាបាលតាមវិធីសាស្ត្របុរាណ ស្រោចទឹក ឬហោរតឿ បានផ្លាស់ប្តូរទម្លាប់មកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវយ៉ាងច្រើនកុះករ។
លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានគូសបញ្ជាក់ថា ការពង្រីកសេវាព្យាបាល និងការធ្វើទំនើបកម្មឧបករណ៍វេជ្ជសាស្ត្រថ្មីៗទាំងនេះ គឺធ្វើឡើងក្នុងគោលបំណងបង្ខិតសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ កាត់បន្ថយការធ្វើដំណើរទៅរកសេវានៅតំបន់ឆ្ងាយៗ និងជាពិសេសគឺជួយកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនផងដែរ៕
អាជ្ញាធរស្រុកព្រៃកប្បាស បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង ១គីឡូម៉ែត្រ នៅឃុំចំប៉ា
តាកែវ៖ រដ្ឋបាលស្រុកព្រៃកប្បាស បានបើកការដ្ឋានសាង សង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១,២៣០ម៉ែត្រ ស្ថិតក្នុងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ខេត្តតាកែវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស។ គម្រោងផ្លូវបេតុងអាមេនេះ មានប្រវែង ១,២៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ១,៥ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំចំប៉ា ប្រចាំឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានអញ្ជើញសួរសុខទុក្ខ សាកសួរពីស្ថានភាពជីវភាព ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការចាំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋ ដើម្បីជួយអន្តរាគមន៍ និងដោះស្រាយបានទាន់ពេលវេលា ឆ្លើយតបទៅនឹងសំណូមពរជាក់ស្តែងនៅមូលដ្ឋាន ។
ក្នុងឱកាសនោះដែរ លោក គិន ភក្ដី ក៏បានផ្តាំផ្ញើ និងណែ នាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងប្លង់សាងសង់ ព្រមទាំងប្រើប្រាស់សម្ភារ ដែលមានគុណភាពខ្ពស់ ដើម្បីធានាបាននូវភាពរឹងមាំ សុវត្ថិភាព និងអាចប្រើប្រាស់បានយូរអង្វែង បម្រើជាប្រយោជន៍ជូនប្រជាពល រដ្ឋឱ្យបានល្អប្រសើរ៕
លោកអភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពទឹកទំនប់ខ្ពបត្របែក ដើម្បីសុវត្ថិភាព និងការគ្រប់គ្រងទឹកជូនប្រជាពលរដ្ឋ
តាកែវ៖ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ហ៊ត មនោ អភិបាលស្រុកត្រាំកក់ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅទំនប់ខ្ពបត្របែក ឃុំអូរស្រារាយ ខេត្តតាកែវ ដោយផ្ទាល់ បន្ទាប់ពីកម្រិតទឹកមានការកើនឡើងជាលំដាប់ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ។
លោកអភិបាលស្រុក បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវតាមដានកម្ពស់ទឹក ដើម្បីត្រៀមលក្ខណឆ្លើយតបបានទាន់ពេលវេលា។
និងគ្រប់គ្រងការរំដោះ និងរក្សាទឹក ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងជំនន់ទឹកភ្លៀង និងធានាមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលកសិកម្ម។
ការចុះអន្តរាគមន៍ទាន់ពេលវេលានេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំស្រុក ក្នុងការគិតគូរពីសុវត្ថិភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕
នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ អមដំណើរដោយ Mr. Kim Doohwan ប្រធានគម្រោង និងលោកស្រី ប្រាក់ សោភារីណា អនុប្រធានការិយា ល័យនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "កសិកម្មល្អ (GAP)"ស្ថិតក្រោមគម្រោងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា (KRC)។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន ៤៣នាក់ (ស្រី ៩នាក់) ដែលជាកសិករមកពីតំបន់គោលដៅរបស់គម្រោង។
គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាល "កសិកម្មល្អ (GAP)" រួមមាន៖
១.ធានាសុវត្ថិភាពស្បៀង៖ ផលិតផលកសិកម្មគ្មានសារធាតុគីមី បញ្ចៀសផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
២.ការពារសុខភាពកសិករ៖ បង្កើនការយល់ដឹងលើការប្រើប្រាស់ជី និងថ្នាំកសិកម្មប្រកបដោយសុវត្ថិភាព។
៣.ថែរក្សាបរិស្ថាន៖ ចូលរួមការពារដី ទឹក និងធនធានធម្មជាតិឲ្យមានចីរភាព។
៤.ពង្រីកទីផ្សារ និងតម្លៃ៖ ឆ្លើយតបស្តង់ដារទីផ្សារ ងាយស្រួលនាំចេញ និងទទួលបានតម្លៃខ្ពស់។
៥.បង្កើនប្រាក់ចំណូល៖ កាត់បន្ថយការចំណាយលើធាតុចូលកសិកម្ម និងបង្កើនប្រសិទ្ធភាពផលិតកម្ម ៕
នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្ត តាកែវ បានរៀបចំ ពិធីប្រគេនធុងសំរាម ចំនួន ១,០៤១ ធុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ។
សម្រាប់ធុងសំរាមទាំងនេះដែរ ជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួង ធម្មការ និងសាសនា។
ដោយមានការអញ្ជើញចូលរួមពីព្រះមេគុណខេត្ត និងព្រះអធិការវត្តទាំង ៣៤៧ វត្ត លោកអភិបាល លោកអភិបាល រងក្រុង លោកនាយកទីចាត់ការ និងលោក-លោកស្រីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលបានរៀបចំឡើងនៅ វត្តឈើទាលទងត្រា ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
សូមបញ្ជាក់ថា ធុងសំរាមសរុប ១,០៤១ ធុង នឹងត្រូវបែងចែកប្រគេនទៅគ្រប់វត្តអារាមទាំង ៣៤៧ វត្ត នៅទូទាំងខេត្តតាកែវ ដោយក្នុង ១ វត្ត ទទួលបានធុងសំរាមចំនួន ៣ ធុង ដើម្បីចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន និងភាពស្អាតនៅក្នុងទីអារាមផងដែរ ៕
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ស្នើសុំព្រះសង្ឃទូទាំងខេត្ត បន្តអប់រំបញ្រ្ជាបធម៌វិន័យ និងសីលធម៌ដល់ពុទ្ធបរិស័ទកាន់តែទូលំទូលាយថែមទៀត
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ធុងសំរាមចំនួន ១,០៤១ ធុង ជូនដល់វត្តអារាមទាំង ៣៤៧វត្ត នៅទូទាំងខេត្ត ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តឈើទាលទងត្រា ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ សូមបិណ្ឌបាតពីព្រះអង្គគ្រប់ព្រះអង្គ មេត្តាបន្តជួយផ្សព្វផ្សាយ និងបញ្រ្ជាបនូវធម៌វិន័យ សីលធម៌រស់នៅ និងក្រមសីលធម៌សង្គមឱ្យកាន់តែទូលំទូលាយបន្ថែមទៀត តាមរយៈការទេសនា និងកម្មវិធីសាសនានានា ដើម្បីឱ្យពុទ្ធបរិស័ទយកទៅប្រតិបត្តិ នាំមកនូវសន្តិភាពផ្លូវចិត្ត និងសេចក្តីសុខក្សេមក្សាន្តក្នុងគ្រួសារ និងសង្គមជាតិ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានសម្តែងនូវការគោរពកោតសរសើរ និងបានសុំបិណ្ឌបាតយ៉ាងខ្ពង់ខ្ពស់ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គនៅទូទាំងខេត្តតាកែវ ដោយឯកឧត្តមបានមានប្រសាសន៍ថា «វត្តអារាមមិនត្រឹមតែជាទីសក្ការបូជា និងជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយធ្វើបុណ្យទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលផ្ទុកនូវពុទ្ធិយ៉ាងជ្រាលជ្រៅ ជាថ្នាលបណ្ដុះបណ្ដាលអក្សរសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា និងជារៀបរយនៃកិច្ចការលម្អបរិស្ថានសង្គមទៀតផង»។
ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់បន្ថែមពីការលើកកម្ពស់អនាម័យ និងបរិស្ថានក្នុងទីវត្តអារាមថា ការប្រគល់ធុងសំរាមនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាអនាម័យ បរិស្ថាន និងសោភណភាពក្នុងទីវត្តអារាមឱ្យស្រស់ស្អាត សម្អាតទាំង «ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបរិស្ថាន» ដើម្បីទទួលស្វាគមន៍ពុទ្ធបរិស័ទជិតឆ្ងាយដែលអញ្ជើញមកធ្វើបុណ្យទានក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិឱ្យកាន់តែមានភាពជ្រះថ្លា និងសុខមាលភាពទ្វេឡើង៕
